This post is also available in:
English
Tamil
Nepali
Dhivehi
Sinhala
អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍គឺជាចំណុចក្តៅសម្រាប់ការវាយប្រហារដោយបន្លំ ដែលបានកើនឡើង ខណៈដែលជំងឺរាតត្បាតបានពន្លឿនការផ្លាស់ប្តូរជីវិតឌីជីថល។
នៅខែមីនាឆ្នាំ 2022 អ្នកដំណើរក្នុងស្រុក និងអន្តរជាតិរាប់ពាន់នាក់ដែលបានចុះឈ្មោះសម្រាប់លិខិតឆ្លងដែនថៃ បានទទួលអ៉ីម៉ែលក្លែងបន្លំ សួររកព័ត៌មានឯកជនរួមមានឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែន។ ខណៈរដ្ឋាភិបាលថៃបានចេញការព្រមាន អំពីអ៉ីម៉ែលបោកបន្លំនេះ តែអាជ្ញាធរមិនបានបញ្ជាក់ព័ត៌មានអំពីប្រព័ន្ធលិខិតឆ្លងដែនរបស់ថៃថាត្រូវបានគេចូលគ្រប់គ្រងដែរឬទេ។
នេះជាឧទាហរណ៍មួយនៃការប៉ុនប៉នវាយប្រហារដោយបន្លំ ដែលអ្នកវាយប្រហារទទួលបានព័ត៌មានសម្ងាត់របស់បុគ្គលតាមរយៈការបោកប្រាស់។ ការវាយប្រហារដោយបន្លំកំពុងកើនឡើងនៅក្នុងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលជាចំណុចក្តៅសម្រាប់ការវាយប្រហារតាមឌីជីថលបែបនេះ។ នៅឆមាសទីមួយនៃឆ្នាំ 2019 Kaspersky បានរាយការណ៍ថា ការប៉ុនប៉ងវាយប្រហារដោយបន្លំចំនួន 14 លានដងត្រូវបានរកឃើញនៅក្នុងតំបន់ ដោយមានប្រទេសចំនួន 3 រួមមាន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ទទួលបានការប៉ុនប៉ងវាយប្រហារដោយបន្លំសរុបចំនួន 11 លានដង។ នៅពេលនិយាយអំពីចំនួនជនរងគ្រោះនៃការបន្លំ ប្រទេសហ្វីលីពីនបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី ចំនួន 17.3% ដែលច្រើនជាងឆ្នាំមុន 65% ។ អាស៊ីខាងត្បូងក៏ត្រូវបានគេកំណត់ជាគោលដៅសកម្មដែរ ដោយក្រុមវាយប្រហារកម្រិតខ្ពស់ឈ្មោះ SideWinder ដោយប្រើប្រាស់បញ្ហានយោបាយ នៅក្នុងតំបន់ ដើម្បីបើកការវាយប្រហារដោយបន្លំ ភាគច្រើននៅប្រទេសប៉ាគីស្ថាន និងប្រទេសបង់ក្លាដែស។
និន្នាការនៃការវាយប្រហារតាមអ៉ីនធឺណិតនេះកំពុងតែបន្ត –កើនឡើង – ហើយជំងឺរាតត្បាត COVID-19 បានពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថល។ ប៉ុន្តែការជំរុញយ៉ាងរហ័សចំពោះប្រព័ន្ធអេកូឌីជីថលបានធ្វើឱ្យមនុស្ស និងអង្គការមួយចំនួនមិនបានត្រៀមខ្លួន ឬមិនបានដឹងពីការគំរាមកំហែងឌីជីថលដែលកំពុងលាក់ខ្លួននៅលើអ៉ីនធឺណិត។ នៅឆ្នាំ 2021 ចំនួននៃប្រជាជនហ្វីលីពីនប្រឈមនឹងការប៉ុនប៉ងវាយប្រហារដោយបន្លំកើនដល់ 9.9% នាំមុខប្រទេសម៉ាឡេសុី (8.49%) ថៃ (7.93%) ឥណ្ឌូនេស៊ី (7.70%) វៀតណាម (7.45%) និងសិង្ហបុរី (3.30%)។ នៅអាស៊ីខាងត្បូងកម្ចីប្រាក់ងាយស្រួលនិងការផ្ដល់ការងារក្លែងក្លាយ គឺជាល្បិចដែលអ្នកបោកប្រាស់បានប្រើ់។ អ្នកក្លែងបន្លំបានឆ្លៀតឱកាសពេលមានជំងឺរាតត្បាតដើម្បីបោកបញ្ឆោតមនុស្សឱ្យបង់ប្រាក់ជាថ្នូរនឹងវិញ្ញាបនបត្រចាក់ថ្នាំបង្ការ និងជំនួយនានាពីរដ្ឋាភិបាល ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Kasperskyស្ដីពីសារឥតបានការ និងការវាយប្រហារដោយបន្លំ។
ឧក្រិដ្ឋជនតាមអ៉ីនធឺណិតកំពុងបង្កើនប្រាក់ចំណេញ ដោយសារមនុស្សជាច្រើនខ្វះការយល់ដឹងអំពីមូលដ្ឋានគ្រឺះអនាម័យឌីជីថល នៅពេលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់កិច្ចការប្រចាំថ្ងៃ។ នេះបង្ហាញពីតម្រូវការបន្ទាន់ដើម្បីជួយអ្នកប្រើប្រាស់អ៉ីនធឺណិតបង្កើនសុវត្ថិភាពឌីជីថលរបស់ពួកគេចំពេលមានការគំរាមកំហែងបន្តបន្ទាប់នៃការវាយប្រហារតាមអ៉ីនធឺណិតនៅក្នុងតំបន់។
ប្រភេទទូទៅនៃកាវាយប្រហារដោយបន្លំនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍
នៅក្នុងការវាយប្រហារដោយបន្លំ អ្នកវាយប្រហារបន្លំខ្លួនជាបុគ្គល ឬអង្គការដែលគេជឿទុកចិត្ត ដើម្បីបញ្ឆោតជនរងគ្រោះដែលមានសក្តានុពលក្នុងការចែករំលែកព័ត៌មានសម្ងាត់ (ដូចជាព័ត៌មានសម្ងាត់សម្រាប់ការចូលគណនីនានា និងព័ត៌មានធនាគារ ឬកាតឥណទាន)។ ការវាយប្រហាដែលជោគជ័យ គឺនៅពេលពួកគេអាចចូលកាន់កាប់គណនី ឬចូលកាន់កាប់បណ្តាញ និងកុំព្យូទ័ររបស់អង្គការដោយគ្មានការអនុញ្ញាត និងការដាក់ចេញនូវមេរោគ malware ដែលនឹងធ្វើឱ្យខូចខាតកាន់តែច្រើន រាប់តាំងពីការខាតបង់ផ្នែកហិរញ្ញវត្ថុ រហូតដល់ការបាត់បង់កម្មសិទ្ធិបញ្ញា។
អង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋសាមញ្ញដែលខ្វះជំនាញឌីជីថល និងការយល់ដឹង គឺងាយរងគ្រោះបំផុតចំពោះការវាយប្រហារដោយបន្លំដែលអាចកើតឡើងតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗរួមមាន អ៉ីម៉ែល សារ SMS កម្មវីធីផ្ញើសារភ្លាមៗ និងការហៅទូរស័ព្ទ។ នេះគឺជាប្រភេទនៃការវាយប្រហារដោយបន្លំទូទៅមួយចំនួននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

រូបថតដោយ៖Brett Jordan នៅលើ
ការវាយប្រហារដោយបន្លំតាមអ៉ីម៉ែល
នេះគឺជាប្រភេទនៃការវាយប្រហារដោយបន្លំទូទៅបំផុត។ អ្នកវាយប្រហារផ្ញើអ៉ីម៉ែល ដែលដើរតួរជាអ្នកដែលអាចទុកចិត្តបាន ឬធ្លាប់ស្គាល់ (ដូចជានិយោជក សហសេវិក ធនាគារ ឬក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម) ដោយមានសំណើដើម្បីចុចលើតំណរភ្ជាប់ឬទាញយកឯកសារភ្ជាប់។ ការធ្វើដូច្នេះនឹងនាំឱ្យជនរងគ្រោះមានការយល់ច្រឡំ ហើយចែករំលែកព័ត៌មានឯកជន (ដូចជាព័ត៌មានសម្ងាត់គណនី) តាមរយៈតំណភ្ជាប់គេហទំព័រក្លែងក្លាយ ឬមេរោគដែលបានដំឡើងដោយសម្ងាត់នៅលើប្រព័ន្ធរបស់គាត់។
ករណីដ៏ល្បីល្បាញមួយ ដែលបានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងសម្បើម គឺការប្លន់ធនាគារប្រទេសបង់ក្លាដែសឆ្នាំ 2016 ដែលក្នុងនោះពួកហេកឃ័របានផ្ទេរលុយដោយខុសច្បាប់ជិត 1 ពាន់លានដុល្លារពីធនាគារកណ្តាលនៃប្រទេសបង់ក្លាដែស។ យោងតាមរបាយការណ៍ ពួកហេកឃ័របានចូលប្រើប្រព័ន្ធរបស់ធនាគារ តាមរយៈអ៉ីម៉ែលដែលបានផ្ញើក្នុងឆ្នាំ 2015 ទៅកាន់បុគ្គលិកជាច្រើននាក់។ អ្នកផ្ញើបានតាំងខ្លួនជាអ្នកស្វែងរកការងារ ហើយបានសុំឱ្យអ្នកទទួលអ៉ីម៉ែលទាញយកប្រវត្តិរូបសង្ខេប និង លិខិតអមឯកសាររបស់គាត់។ យ៉ាងហោចណាស់មានបុគ្គលិកម្នាក់បានធ្វើដូច្នេះ ដែលបង្ករអោយឆ្លងមេរោគដល់ប្រព័ន្ធរបស់ធនាគារដោយអចេតនា។
កំហុសដ៏សាមញ្ញមួយ – ដោយការជឿទុកចិត្តលើអ៉ីម៉ែលពីអ្នកផ្ញើដែលមិនស្គាល់ – បានបង្កអោយមានការប្លន់ធនាគារតាមអ៉ីនធឺណិតដ៏ធំបំផុតមួយនៅលើពិភពលោកកើតឡើង។
ការវាយប្រហារដោយបន្លំតាមការហៅចូល (Vishing)
នៅក្នុងប្រភេទនៃការវាយប្រហារដោយបន្លំនេះ អ្នកវាយប្រហារហៅទូរស័ព្ទទៅជនរងគ្រោះដោយអះអាងថាជាតំណាងឱ្យធនាគារ និយោជក ប៉ូលីស ឬស្ថាប័នដែលគួរឱ្យទុកចិត្តផ្សេងៗទៀត។ អ្នកហៅទូរស័ព្ទចូលនឹងបន្លាច ឬគំរាមកំហែងជនរងគ្រោះដោយលើកពីបញ្ហា ឬគ្រាអាសន្នណាមួយ ដែលជនរងគ្រោះត្រូវតែដោះស្រាយភ្លាមៗ។ ដោយការភ័យខ្លាច ឬសម្ពាធក្នុងសម្រេចចិត្តភ្លាមៗ ជនរងគ្រោះនឹងយល់ព្រមផ្ញើប្រាក់ ឬចែករំលែកព័ត៌មានសម្ងាត់ដើម្បីដោះស្រាយបញ្ហា។
នៅឆ្នាំ 2021 ប្រជាជនថៃបានទទួលការហៅចូលក្លែងក្លាយជាង 6 លានដង កើនឡើង 270% ធៀបនឹងឆ្នាំមុន។ ឧបាយកលមួយចំនួនដែលអ្នកបោកប្រាស់ប្រើគឺអះអាងថាមកពីសេវាដឹកជញ្ជូន និងសុំលុយដើម្បីទទួលទំនិញ ឬអះអាងថាជាមន្ត្រីប៉ូលីសស៊ើបអង្កេតជនរងគ្រោះ។ ទន្ទឹមនឹងនេះនៅអាស៊ីខាងត្បូង ការបោកប្រាស់តាមទូរស័ព្ទដូចជា One Ring Scam គឺកើតឡើងញឺកញាប់បំផុត។ អ្នកប្រើប្រាស់ទូរស័ព្ទនៅក្នុងប្រទេសស្រីលង្កាត្រូវបានក្រុមជនបោកប្រាស់ឆបោកម្តងហើយម្តងទៀត ដោយធ្វើជាខកខានក្នុងការហៅទូរស័ព្ទក្នុងគោលបំណងជំរុញជនរងគ្រោះឱ្យទូរស័ព្ទត្រឡប់ទៅលេខបរទេសវិញ ដែលគិតថ្លៃសេវាហៅចេញខ្ពស់។
នៅទូទាំងអាស៊ីអាគ្នេយ៍ មានរបាយការណ៍អំពីក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលមានគោលដៅចាប់បង្ខំលើក្រុមមនុស្សដែលត្រូវការការងារ ដោយបង្ខំអោយពួកគេធ្វើជាអ្នកបោកបញ្ឆោតគេតាមទូរស័ព្ទ។ នៅខែមេសាឆ្នាំ 2022 សារព័ត៌មានជាច្រើនបានរាយការណ៍អំពីជនជាតិថៃត្រូវបានគេជួយសង្គ្រោះពីមជ្ឈមណ្ឌលទូរស័ព្ទបោកប្រាស់នៅប្រទេសកម្ពុជា ។ប្រតិកម្មទៅនឹងរបាយការណ៍ទាំងនេះលោក Jeremy Douglas តំណាងប្រចាំតំបន់នៃទីភ្នាក់ងារប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយថា”នេះគឺជាសារដាស់តឿនដ៏សំខាន់មួយនៅក្នុងតំបន់។”
រូបថតដោយ៖ Johnathan.g.freeman តាមរយៈ Wikimedia Commons
ការវាយប្រហារដោយបន្លំតាមរយៈសារជាអក្សរ (Smishing)
ការវាយប្រហារដោយបន្លំតាមរយៈសារជាអក្សរ ឬ “smishing” ដំណើរការដោយការបង្កប់នូវតំណរភ្ជាប់ព្យាបាទនៅក្នុងសារជាអក្សរដែលអះអាងថាជនរងគ្រោះបានឈ្នះអំណោយ ឬប្រាក់រង្វាន់។ សារខ្លះក៏អាចសុំឱ្យ ជនរងគ្រោះបង់ប្រាក់បន្តិចបន្តួចដើម្បីទទួលបានអំណោយ ឬរង្វាន់។ ទម្រង់មួយទៀតនៃការវាយប្រហារដោយបន្លំតាមរយៈសារជាអក្សរ គឺតាមរយៈចន្លោះប្រហោងនៃពាក្យសម្ងាត់ប្រើតែមួយដង (OTP) ដែលធម្មតាត្រូវបានផ្ញើតាមសារ SMS ជាផ្នែកនៃការផ្ទៀងផ្ទាត់ពីរកត្តា។ អ្នកប្រើប្រាស់អាចត្រូវបានបញ្ឆោតឱ្យជឿថាសារ OTP មកពីប្រភពស្របច្បាប់ ហើយនឹងបញ្ចូលលេខកូដនេះទៅក្នុងទំព័រចូលក្លែងក្លាយ។
ករណីនៅប្រទេសសិង្ហបុរីបង្ហាញពីការខាតបង់ផ្នែកហិរញ្ញវត្ថុដែលកើតឡើងពីការវាយប្រហារដោយបន្លំតាមរយៈសារជាអក្សរ។ នៅឆ្នាំ 2021 ក្រុមឧក្រិដ្ឋជនបានបង្វែរសារ SMS ដែលមានពាក្យសម្ងាត់ប្រើតែមួយដង និងបានធ្វើប្រតិបត្តិការកាតឥណទានក្លែងបន្លំ ស្មើនឹង 500,000 ដុល្លារសិង្ហបុរី។ ជនរងគ្រោះទាំងអស់បានរាយការណ៍ថា ពួកគេមិនបានធ្វើប្រតិបត្តិការ ហើយក៏មិនបានទទួលសារ SMSដែលមានពាក្យសម្ងាត់ប្រើតែមួយដងដែរ។
ខណៈពេលដែលទាំងនេះគ្រាន់តែជាប្រភេទទូទៅមួយចំនួននៃការវាយប្រហារដោយបន្លំ មានប្រភេទផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនតាមអ៉ីនធឺណិត។ ការវាយប្រហារទាំងនេះរួមមានការវាយប្រហារដោយបន្លំអត្តសញ្ញាណ ដោយអ្នកវាយប្រហារបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ដើម្បីបោកការទុកចិត្តរបស់នរណាម្នាក់ និងបោកប្រាស់ពួកគេឱ្យផ្តល់លុយ អំណោយ ឬព័ត៌មាន។ ការវាយប្រហារដោយបន្លំលើគោលដៅជាក់លាក់ ដែលប្រើវិស្វកម្មសង្គមដើម្បីកំណត់គោលដៅជាក់លាក់ទៅលើបុគ្គល ឬអង្គការ និងការវាយប្រហារដោយបន្លំជាន់ខ្ពស់ ដែលគោលដៅវាយប្រហារទៅលើជនរងគ្រោះដែលមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ ដូចជាតារាល្បី អ្នកនយោបាយ និងនាយកប្រតិបត្តិអាជីវកម្ម។
ការការពារប្រឆាំងនឹងការវាយប្រហារដោយបន្លំ
អ្នកប្រើប្រាស់អ៉ីនធឺណែតនៅអាស៊ីអាគ្នេយ៍មានចំនួន 440 លាននាក់ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។ នៅអាស៊ីខាងត្បូង39% នៃចំនួនប្រជាជន 1.88 ពាន់លាននាក់ក្នុងតំបន់ អាចចូលប្រើអ៉ីនធឺណិតបាន។ ផ្អែកលើចំនួនអ្នកប្រើប្រាស់អ៉ីនធឺណិតដ៏ច្រើននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងការបន្តកើតមាននៃការវាយប្រហារដោយបន្លំនៅទីនេះ អ្នកប្រើប្រាស់អ៉ីនធឺណិតត្រូវតែមាននូវចំណេះដឹង និងជំនាញដើម្បីស្គាល់ពីការវាយប្រហាដោយបន្លំ និងការពារខ្លួនតាមអ៉ីនធឺណិត។
នេះរឹតតែសំខាន់សម្រាប់អង្គការសង្គមស៊ីវិល និងសកម្មជនដែលតែងតែមានព័ត៌មានរសើបនៅក្នុងការងាររបស់ពួកគេ។ ប្រសិនបើមិនមាននូវចំណេះដឹង និងការបណ្តុះបណ្តាលអំពីសុវត្ថិភាពឌីជីថលឱ្យបានត្រឹមត្រូវទេ ពួកគេអាចប្រឈមនឹងការគំរាមកំហែងដែលប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគេ និងសហគមន៍របស់ពួកគេ។
នេះគឺជាគន្លឹះមួយចំនួនដែលអ្នកត្រូវចងចាំ ដើម្បីជៀសវាងក្លាយជាជនរងគ្រោះនៃការវាយប្រហារដោយបន្លំ៖
គិតមុនពេលអ្នកចុច របាំងការពារដំបូង គឺជាការវិនិច្ឆ័យរបស់យើងផ្ទាល់។ មុននឹងចុចលើតំណរភ្ជាប់នៅក្នុងអ៉ីម៉ែល សូមដាក់ឧបករណ៍ចុច ‘Mouse’ លើវា ដើម្បីពិនិត្យមើលថា តើវានាំទៅកាន់គេហទំព័រដែលធ្លាប់ស្គាល់ឬអត់។ ប្រសិនបើអ្នកទទួលបានការលោតឡើងចៃដន្យពីគេហទំព័រ ឬសារដែលអះអាងថាអ្នកបានឈ្នះឆ្នោត សូមពិចារណារសិន ប្រសិនបើមើលទៅល្អពេកវាមិនគួរអោយជឿទេ ចឹងវាប្រហែលជាការបោកប្រាស់។
ពិនិត្យឯកសារភ្ជាប់មុនពេលបើកជានិច្ច។ ពិនិត្យឯកសារភ្ជាប់ជាមួយកម្មវិធីកំចាត់មេរោគ មុនពេលបើកឯកសារ។ ប្រសិនបើអ្នកមិនមានកម្មវិធីកំចាត់មេរោគដែលបានដំឡើងនៅលើប្រព័ន្ធរបស់អ្នកទេ (អ្នកគប្បីមានកម្មវិធីកម្ចាត់មេរោគជានិច្ច)សូមប្រើវែបសាយVirusTotal ដោយឥតគិតថ្លៃ។
ពិនិត្យមើលឡើងវិញនូវប្រភពដើមនៃការទំនាក់ទំនង។កុំបើកអ៉ីម៉ែលពីអ្នកផ្ញើដែលមិនស្គាល់។ ប្រសិនបើអ្នកទទួលបានអ៉ីម៉ែលដែលមិនបានរំពឹងទុកពីអ្នកផ្ញើដែលស្គាល់ សូមបញ្ជាក់វាជាមួយអ្នកផ្ញើតាមរយៈបណ្តាញទំនាក់ទំនងផ្សេងទៀត (ឧទាហរណ៍ តាមរយៈកម្មវិធីផ្ញើសារសុវត្ថិភាព Signal)។
ចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬអត្តសញ្ញាណគណនីរបស់អ្នកដោយឆ្លាតវៃ។ ប្រសិនបើអ្នកត្រូវបានស្នើឱ្យផ្តល់ព័ត៌មានរសើប សូមពិនិត្យមើលថា URL នៃទំព័រត្រូវតែចាប់ផ្តើមដោយ “https” មិនមែន “http” ។ អ្នកត្រូវប្រាកដថាអក្ខរាវិរុទ្ធនៃឈ្មោះដែនត្រឹមត្រូវ។
អនុវត្ត អនាម័យឌីជីថល នៅក្នុងជីវិតផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នក។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចចាប់ផ្តើមក្នុងការធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពឌីជីថលរបស់អ្នក៖
ប្រើពាក្យសម្ងាត់រឺងមាំជានិច្ច ហើយបើកការផ្ទៀងផ្ទាត់ពីរកត្តាប្រសិនបើអាចធ្វើទៅបាន។
រៀបចំប្រអប់សំបុត្រឌីជីថលរបស់អ្នក ហើយឈប់ជាវអ៉ីម៉ែលឥតបានការ។
ពិនិត្យមើលការកំណត់ឯកជនភាព និងសុវត្ថិភាពនៅលើគណនី និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។
ដំឡើងកម្មវិធីកំចាត់មេរោគ និងកម្មវិធីប្រឆាំងមេរោគ malware ល្បីឈ្មោះ។
ធ្វើបច្ចុប្បន្នភាពសូហ្វវែរ និងកម្មវិធីជាប្រចាំ រួមទាំងប្រព័ន្ធប្រតិបត្តិការរបស់អ្នក។
ដំណើរការកូដនីយកម្មឧបករណ៍ និងធ្វើការចម្លងបម្រុងទុកជាប្រចាំ។
គន្លឹះទាំងនេះនឹងបង្កើនការការពាររបស់អ្នកប្រឆាំងនឹងការគំរាមកំហែងឌីជីថល និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន។ ដើម្បីធានាថាលំហឌីជីថល មានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងខ្លាំងក្លាក្នុងចំណោមសង្គមស៊ីវិល អ្នកបង្កើតគោលនយោបាយ និងក្រុមហ៊ុននានា ដើម្បីពង្រឹងប្រព័ន្ធអេកូសុវត្ថិភាពតាមអ៉ីនធឺណិត។
ជួយផ្សព្វផ្សាយការយល់ដឹងអំពីគន្លឹះសុវត្ថិភាពឌីជីថលទាំងនេះ ដោយចែករំលែកព័ត៌មានខាងក្រោមជាមួយបណ្តាញរបស់អ្នក៖




